កាលពីឆ្នាំ១៩៨៧ ចេតីយបុរាណមួយស្ថិតនៅក្នុងវត្តហ្វាម៉ិន ខេត្តសានស៊ី ប្រទេសចិនបានដួលបាក់រលំ ហើយតាមរយៈកំណាយគេបានរកឃើញរូងក្រោមដីមួយដែលមានកំណប់ទ្រព្យជារតនវត្ថុជាច្រើន ហើយអ្វីដែលសំខាន់ជាងគេនោះគឺហឹបឈើមួយ។ នៅពេលដែលគេចាប់ផ្តើមបើក ហឹបឈើនោះ គឺមានហឹបប្រាក់ក្នុងនោះមួយជាន់ទៀត ដែលមានជាបន្តបន្ទាប់រហូតដល់៨ជាន់ ទើបគេប្រទះឃើញ ព្រះបរមសរីរធាតុគឺឆ្អឹងម្រាមដៃ របស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ។ ដោយហឹបនីមួយៗមានផ្ទុកនៅវត្ថុមានតម្លៃដូចជា៖
 

ហឹបទី១៖ នៅខាងក្រៅគេបំផុត គឺជាហឹបឈើក្រអូបខ្លឹមចន្ទន៍ក្រស្នា មានឆ្លាក់រូបរបស់ព្រះអមិតាភៈនិងរូបឋានសួគ៏សុខាវិតីដែលទ្រង់ប្រតិស្ថាននៅ។ ហឹបឈើនេះបានបែកបាក់ខ្លាំងដោយសារវ័យចំណាស់ និងរងគ្រោះដោយការបាក់រលំ ហើយបច្ចុប្បន្ននេះនៅសល់តែបំណែកខ្លះៗតែប៉ុណ្ណោះ។ 

ហឹបទី២៖ ហឹបនៅជាន់ទី២ខាងក្នុងហឹបឈើ គឺធ្វើឡើងអំពីប្រាក់មានគម្រប ហើយនៅជ្រុងនីមួយមានឆ្លាក់រូបរបស់ព្រះឥន្ទ្រាធិរាជដែលមានសទ្ធាចំពោះព្រះពុទ្ធសមណគោត្តម។

ហឹបទី៣៖ គឺនៅជាន់ទី៣ខាងក្នុងហឹបប្រាក់ គឺជាកូនហឹបប្រាក់មិនមានឆ្លាក់រូបអ្វីទេដោយផ្ទៃខាងក្រៅខាត់យ៉ាងរលោងស្រិល។ 

ហឹបទី៤៖ ស្ថិតនៅខាងក្នុងហឹបទី៣ គឺជាកូនហឹបមាសមានឆ្លាក់រូបព្រះពុទ្ធសមណគោត្តមកំពុងសម្តែងព្រះធម៌ ក្រោយពេលដែលព្រះអង្គបានត្រាស់ដឹង។ 

ហឹបទី៥៖ គឺជាកូនហឹបមាសដែលមានឆ្លាក់ជាក្បាច់ស្រទាប់ផ្កាឈូកដែលតំណាងឲ្យព្រះពុទ្ធ។ 

ហឹបទី៦៖ គឺជាកូនហឹបមាស លម្អដោយត្បូងធម្មជាតិ និងថ្មមានតម្លៃ ហើយឆ្លាក់ជាសន្លឹកផ្កាឈូក 

ហឹបទី៧៖ រូបរាងដូចហឹបទី៦ដែរគ្រាន់តែតូចជាង ហើយមានលម្អដោយត្បូងថ្ម និងគជ់ខ្យង ហើយមានចម្លាក់ជារូបស្លឹកឈើតាមរចនាប័ទ្មរបស់រាជវង្សថាង។ 

នៅពីក្នុងហឹបទី៧នេះ គឺជាកូនចេតិយមាសតូចច្រឡឹងមួយមានទ្វារទាំងបួនទិស ហើយនៅក្នុងកូនចេតិយនោះគឺជាព្រះបរមសរីរធាតុនៃព្រះអង្គុលីព្រះហស្តរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តមដែលស្រោបដោយសន្លឹកមាស ដែលនេះគឺជាព្រះបរមសរីរធាតុពិតប្រាកដមួយនៅលើភពផែនដីនេះ។ 

បើយោងតាមឯកសារ ព្រះបរមសរីរធាតុនេះត្រូវបាននាំមកកាន់ប្រទេសចិនតាំងពីសតវត្សទី២ ដោយព្រះបាទអសោកមហារាជនៃប្រទេសឥណ្ឌាដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា ហើយយកមកតម្កល់ក្នុងវត្តហ្វាម៉ិននេះដែលដំបូងឡើយមានឈ្មោះហៅថា វត្តព្រះបាទអសោក (King Ashoka Temple)។ ក្នុងរជ្ជកាលរាជវង្សថាង (Tang Dynasty) ព្រះចៅអធិរាជជាច្រើនអង្គបានដង្ហែព្រះបរមសរីរធាតុនេះទៅកាន់ព្រះរាជវាំងដើម្បីគោរពបូជា ហើយបានថ្វាយកំណប់ទ្រព្យជាច្រើនដល់វត្តនេះ ដែលទ្រព្យទាំងនោះក៏ត្រូវបានគេរកឃើញនៅក្នុងរូងក្រោមដីជាមួយព្រះសរីរធាតុផងដែរ។ ដើម្បីការពារដល់ព្រះបរមសរីរធាតុពិតប្រាកដនោះ ព្រះរាជាបានឲ្យគេធ្វើជាហឹបផ្សេងៗគ្នាដាក់ព្រះសរីរធាតុចម្លងចំនួន៤បន្ថែមទៀតដើម្បីជាការបំភាន់។ នៅពេលដែលចេតិយចំណាស់ប្រមាណ១៧០០ឆ្នាំក្នុងវត្តហ្វាម៉ិនបាក់រលំនោះ នៅក្នុងរូងក្រោមដីនោះគេបានរកឃើញកំណប់សរុបទាំងអស់ជាង២០០០មុខដែលសុទ្ធតែរតនសម្បត្តិរបស់ជាតិមហាយក្សចិន តែអ្វីដែលពិសេសជាងគេគឺព្រះបរមសរីរធាតុនេះឯង។ 

ព្រះសរីរធាតុពិតប្រាកដនេះ មិនត្រូវបានដាក់តាំងបង្ហាញជាសាធារណៈជារៀងរាល់ថ្ងៃទេដោយគេដាក់តាំងបង្ហាញ តែក្នុងឱកាសពិធីបុណ្យធំៗរបស់ព្រះពុទ្ធសាសនា ឬ ក្នុងព្រឹត្តិការណ៍ពិសេសៗប៉ុណ្ណោះ ៕

អត្ថបទ៖ កណ្ណិការ