ប្រទេសចិនកំពុងបង្ហាញជំហរយ៉ាងច្បាស់ថា ខ្លួននឹងមិនបោះបង់គំរូអភិវឌ្ឍន៍សេដ្ឋកិច្ចដែលផ្តោតលើការវិនិយោគ និងការគាំទ្រវិស័យឧស្សាហកម្មជឿនលឿនឡើយ ខណៈដែលខ្លួនកំពុងត្រៀមចូលកិច្ចចរចាពាណិជ្ជកម្មសំខាន់ៗជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ជំហរនេះត្រូវបានអ្នកវិភាគមើលឃើញថា ជាការគូសបន្ទាត់ «ខ្សែក្រហម» របស់ទីក្រុងប៉េកាំង ដើម្បីបញ្ជាក់ថា គំរូសេដ្ឋកិច្ចរបស់ខ្លួនមិនមែនជាប្រធានបទសម្រាប់ការចរចា ឬការធ្វើសម្បទានឡើយ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងជួបពិភាក្សាគ្នានៅចុងឆ្នាំនេះ ខណៈសហភាពអឺរ៉ុបក៏បានកំណត់ពេលជួបជាមួយចិននៅខែតុលា ដើម្បីពិភាក្សាពីភាពតានតឹងផ្នែកពាណិជ្ជកម្ម និងឱនភាពពាណិជ្ជកម្មដ៏ធំរវាងភាគីទាំងពីរ។ អស់រយៈពេលជាច្រើនឆ្នាំ ប្រទេសលោកខាងលិចបានរិះគន់ថា គោលនយោបាយសេដ្ឋកិច្ចរបស់ចិនផ្តល់អាទិភាពដល់ការគាំទ្រអ្នកផលិត និងការវិនិយោគលើវិស័យឧស្សាហកម្ម ខណៈការជំរុញការប្រើប្រាស់ក្នុងស្រុកនៅមានកម្រិត។ ពួកគេអះអាងថា គោលនយោបាយបែបនេះធ្វើឱ្យទំនិញចិនដែលមានតម្លៃទាបហូរចូលទីផ្សារពិភពលោក បង្កសម្ពាធដល់ឧស្សាហកម្មក្នុងប្រទេសផ្សេងៗ និងបង្កឱ្យមានភាពមិនស្មើគ្នាក្នុងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ។

ទោះជាយ៉ាងណា កិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរបស់គណបក្សកុម្មុយនីស្តចិនកាលពីសប្តាហ៍មុន បានបញ្ជាក់ជាថ្មីថា ទីក្រុងប៉េកាំងនឹងបន្តអនុវត្តគោលនយោបាយដែលផ្តោតលើការសម្រេចគោលដៅអភិវឌ្ឍន៍រយៈពេលវែង ជាជាងការជំរុញសេដ្ឋកិច្ចតាមរយៈការបង្កើនការប្រើប្រាស់ក្នុងស្រុក ដូចដែលដៃគូពាណិជ្ជកម្ម និងអ្នកសេដ្ឋកិច្ចជាច្រើនបានទាមទារ។
មុននោះប៉ុន្មានថ្ងៃ ក្រសួងពាណិជ្ជកម្មចិនក៏បានចេញឯកសារមួយ ដោយចោទប្រកាន់ថា ប្រទេសលោកខាងលិចកំពុងអនុវត្តនយោបាយការពារនិយម និងបានច្រានចោលការចោទប្រកាន់ថា ចិនមាន «សមត្ថភាពផលិតលើសតម្រូវការ» ដោយហៅទស្សនៈនេះថា គ្មានមូលដ្ឋានវិទ្យាសាស្ត្រ និងមានចេតនានយោបាយ។ ទស្សនាវដ្តី Qiushi ដែលជាវេទិកាទ្រឹស្តីសំខាន់របស់គណបក្សកុម្មុយនីស្តចិន ក៏បានការពារគំរូអភិវឌ្ឍន៍របស់ប្រទេស ដោយអះអាងថា កម្រិតនៃការប្រើប្រាស់ដែលទាបជាងប្រទេសអភិវឌ្ឍន៍ គឺជាលទ្ធផលធម្មតានៃគំរូអភិវឌ្ឍន៍ដែលផ្អែកលើការវិនិយោគ និងឧស្សាហកម្ម។
លោក Xu Tianchen សេដ្ឋវិទូជាន់ខ្ពស់នៃ Economist Intelligence Unit បានអត្ថាធិប្បាយថា សាររបស់ទីក្រុងប៉េកាំងមានគោលបំណងពីរយ៉ាង។ ទីមួយ គឺចង់ឱ្យដៃគូពាណិជ្ជកម្មយល់ពីហេតុផលដែលចិនជ្រើសរើសគំរូសេដ្ឋកិច្ចបែបនេះ ដើម្បីបង្កើនការយល់ដឹងទៅវិញទៅមកក្នុងការចរចា។ ទីពីរ គឺដើម្បីបញ្ជាក់ពី «ខ្សែក្រហម» ថា ចិននឹងមិនទទួលយកវិធានការរើសអើងប្រឆាំងនឹងក្រុមហ៊ុន និងផលិតផលរបស់ខ្លួនឡើយ។ ទីក្រុងប៉េកាំងអះអាងថា គំរូសេដ្ឋកិច្ចរបស់ខ្លួនសមស្របនឹងដំណាក់កាលអភិវឌ្ឍន៍របស់ប្រទេស ហើយការវិនិយោគយ៉ាងខ្លាំងលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មិនត្រឹមតែធ្វើឱ្យផលិតផលចិនមានគុណភាពកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចពិភពលោកផងដែរ។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang ថ្មីៗនេះ បានច្រានចោលការព្រមានអំពី «China Shock 2.0» ដែលសំដៅលើការកើនឡើងនៃសមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្មចិន ហើយជំនួសមកវិញដោយពាក្យថា «China Opportunity 2.0» ដោយអះអាងថា ការរីកចម្រើនរបស់ចិនគឺជាឱកាសសម្រាប់សេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែ លោក Eswar Prasad សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Cornell និងអតីតមន្ត្រី IMF បានលើកឡើងថា ការពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ខណៈតម្រូវការក្នុងស្រុកនៅទន់ខ្សោយ នឹងធ្វើឱ្យចិនពិបាកបញ្ចុះបញ្ចូលពិភពលោកថា ការនាំចេញដ៏ច្រើនរបស់ខ្លួនគឺជាផលប្រយោជន៍សម្រាប់អ្នកប្រើប្រាស់សកល។
កិច្ចខិតខំរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់សម្ពាធលើចិន តាមរយៈការដំឡើងពន្ធគយលើផលិតផលចិនជាង ១០០% កាលពីឆ្នាំមុន មិនទទួលបានលទ្ធផលដូចការរំពឹងទុកទេ ខណៈដែលទីក្រុងប៉េកាំងបានប្រើប្រាស់ភាពលេចធ្លោក្នុងការផលិតរ៉ែកម្រ ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ឧស្សាហកម្មសកល ដើម្បីពង្រឹងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប ដែលមានឱនភាពពាណិជ្ជកម្មជាមួយចិនជាមធ្យមប្រមាណ ១ពាន់លានដុល្លារក្នុងមួយថ្ងៃកាលពីឆ្នាំមុន កំពុងអនុវត្តគោលនយោបាយឧស្សាហកម្ម និងលទ្ធកម្មក្នុងស្រុក ដើម្បីការពារផលិតកររបស់ខ្លួន។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានរិះគន់ចិនចំពោះការរក្សាតម្លៃរូបិយប័ណ្ណរបស់ខ្លួនឱ្យនៅទាប ដែលអាចជួយបង្កើនភាពប្រកួតប្រជែងនៃការនាំចេញ។ទោះបីជាយ៉ាងណា អ្នកវិភាគមើលឃើញថា សារចុងក្រោយពីទីក្រុងប៉េកាំងបានបង្ហាញពីការកើនឡើងនៃទំនុកចិត្តថា ចិនអាចគ្រប់គ្រងជម្លោះពាណិជ្ជកម្មជាមួយលោកខាងលិច ដោយមិនចាំបាច់ធ្វើសម្បទានសំខាន់ៗ។ ក្នុងឆ្នាំនេះ រដ្ឋាភិបាលចិនបានកាត់បន្ថយការវិនិយោគមួយចំនួន ជាពិសេសតាមរយៈការរឹតបន្តឹងការចំណាយរបស់រដ្ឋាភិបាលមូលដ្ឋាន។ មន្ត្រីចិនក៏បានទទួលស្គាល់ជាសាធារណៈថា មានអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ និងបានសន្យាបញ្ចប់សង្គ្រាមបញ្ចុះតម្លៃក្នុងចំណោមអ្នកផលិត។
ទោះបីជារដ្ឋាភិបាលបន្តសន្យាជំរុញការប្រើប្រាស់ក្នុងស្រុកក៏ដោយ ក៏មិនទាន់មានផែនការកំណែទម្រង់រចនាសម្ព័ន្ធធំៗនៅឡើយ។ ទស្សនាវដ្តី Qiushi បានទទួលស្គាល់ថា ការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចគឺជារឿងចាំបាច់ ប៉ុន្តែអ្នកវិភាគយល់ថា ទីក្រុងប៉េកាំងចង់អនុវត្តការកែទម្រង់នេះដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការរំខានដល់ស្ថិរភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ស្ថាប័នស្រាវជ្រាវអន្តរជាតិជាច្រើននៅតែព្រមានថា គោលនយោបាយសេដ្ឋកិច្ចរបស់ចិនអាចបង្កហានិភ័យទាំងចំពោះសេដ្ឋកិច្ចក្នុងស្រុក និងសេដ្ឋកិច្ចពិភពលោក។ របាយការណ៍របស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានបង្ហាញថា ជិត ៦០% នៃការកើនឡើងចំណែកទីផ្សាររបស់ក្រុមហ៊ុនចិន អាចពន្យល់បានដោយការឧបត្ថម្ភធនពីរដ្ឋ។ ចំណែករបាយការណ៍របស់ធនាគារអ៊ីតាលីមួយបានប៉ាន់ប្រមាណថា ប្រមាណ ៧៥% នៃកំណើនការនាំចេញរបស់ចិន គឺបណ្តាលមកពីការប្រើប្រាស់ក្នុងស្រុកដែលខ្សោយ និងសមត្ថភាពផលិតលើសតម្រូវការ។
ជាមួយគ្នានេះ វិទ្យាស្ថាន McKinsey Global Institute បានឱ្យដឹងថា ចិនកំពុងបន្ថែមទ្រព្យសកម្មផលិតភាពខ្ពស់ក្នុងល្បឿនលឿនជាងអឺរ៉ុប និងសហរដ្ឋអាមេរិកប្រមាណបីដងក្នុងមួយឆ្នាំ ប៉ុន្តែអត្រាផលចំណេញលើដើមទុនរបស់ខ្លួននៅទាបជាងប្រហែល ៤០%។ លោក Daniel Rosen សហស្ថាបនិកក្រុមហ៊ុនស្រាវជ្រាវ Rhodium Group បានវាយតម្លៃថា ទីក្រុងប៉េកាំងកំពុងការពារគំរូសេដ្ឋកិច្ចរបស់ខ្លួនកាន់តែខ្លាំងឡើង ខណៈភស្តុតាងអំពីបញ្ហារចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងផលប៉ះពាល់របស់វាចំពោះសេដ្ឋកិច្ចពិភពលោក កំពុងលេចចេញកាន់តែច្បាស់។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters