លទ្ធផលនៃការបោះឆ្នោតសភាអាមេនីកាលពីខែមិថុនា កន្លងទៅនេះ បានផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងតំបន់ Caucasus ខាងត្បូង។ ផលប៉ះពាល់នេះមិនត្រឹមតែរំជើបរំជួលដល់ទីក្រុងមូស្គូ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែលប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានទម្ងន់ភូមិសាស្ត្រសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ដែលជាមហាអំណាចអាស៊ីពីរដែលបាននិងកំពុងសាងសង់ភាគហ៊ុនពាណិជ្ជកម្មយ៉ាងស្ងៀមស្ងាត់នៅក្នុងតំបន់យុទ្ធសាស្ត្រនេះ ដើម្បីធ្វើជាស្ពានតភ្ជាប់រវាងអាស៊ី និងអឺរ៉ុប។

ជ័យជម្នះដ៏ភ្លូកទឹកភ្លូកដីរបស់នាយករដ្ឋមន្ត្រី Nikol Pashinyan ឆ្លុះបញ្ចាំងពីការបដិសេធរបស់ប្រជាជនអាមេនីចំពោះគូប្រជែងដែលគាំទ្រវិមានក្រឹមឡាំង ហើយក៏ជាការបរាជ័យដ៏ធំមួយសម្រាប់ការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការដំឡើងមេដឹកនាំដែលស្តាប់បង្គាប់ខ្លួននៅទីក្រុង Yerevan។ ក្រៅពីរុស្ស៊ី អ៊ីរ៉ង់ក៏រងផលប៉ះពាល់ផងដែរ ដោយសារទីក្រុងតេអេរ៉ង់ធ្លាប់ជាអ្នកគាំទ្រដ៏ងប់ងល់របស់អាមេនី ព្រោះតែមានអរិភាពរួមគ្នាជាមួយអាស៊ែបៃហ្សង់ (ដែលជាសង្គមអ៊ីស្លាម  បែបខាងលោកិយ ប្រឆាំងនឹងការគ្រប់គ្រងបែបសាសនាផ្តាច់ការរបស់អ៊ីរ៉ង់)។

បច្ចុប្បន្ន រុស្ស៊ីកំពុងចុះខ្សោយដោយសារសង្គ្រាមនៅអ៊ុយក្រែន ចំណែកឯអ៊ីរ៉ង់កំពុងប្រឈមមុខដាក់ការទូតជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ កត្តានេះធ្វើឱ្យមហាអំណាចប្រពៃណីទាំងពីរនេះមិនអាចគ្រប់គ្រងតំបន់ Caucasus ខាងត្បូងបានដូចមុនឡើយ។ ភាពទំនេរនៃអំណាចនេះបានបង្កើតឱកាសមាសសម្រាប់សេដ្ឋកិច្ចអាស៊ី ដែលបានចំណាយពេលជាច្រើនឆ្នាំក្នុងការស្វែងរកផ្លូវពាណិជ្ជកម្មថ្មីដែលមិនកាត់ទឹកដីរុស្ស៊ី ឬអ៊ីរ៉ង់។

ចាប់តាំងពីឆ្នាំ២០២២ មក ប្រទេសចិនបានបោះទុនការទូត និងពាណិជ្ជកម្មយ៉ាងខ្លាំងទៅលើ ច្រករបៀងមជ្ឈិម ដែលជាផ្លូវដឹកជញ្ជូនឆ្លងកាត់សមុទ្រកាសព្យែន តភ្ជាប់ចិនទៅកាន់អឺរ៉ុបតាមរយៈអាស៊ីកណ្តាល កូកាស៊ីសខាងត្បូង និងតួកគី ដើម្បីជៀសវាងខ្សែផ្លូវដែករុស្ស៊ីដែលកំពុងរងទណ្ឌកម្ម។ ទីក្រុងប៉េកាំងចាត់ទុកច្រករបៀងនេះជាខែលការពារយុទ្ធសាស្ត្រ ខ្សែក្រវាត់និងផ្លូវ ដើម្បីធានាថាទំនិញអាចដឹកជញ្ជូនទៅទិសខាងលិចបានដោយរលូន និងជាខ្សែជីវិតបម្រុងករណីមានជម្លោះជាមួយលោកខាងលិចនាពេលអនាគត។

ទោះជាយ៉ាងណា ផែនការនេះកំពុងជួបប្រទះភាពស្មុគស្មាញ ហ្សកហ្ស៊ី និងអាស៊ែបៃហ្សង់ គឺជាថ្នាំងដ៏សំខាន់នៃច្រករបៀងនេះ ប៉ុន្តែថ្មីៗនេះ ហ្សកហ្ស៊ីហាក់ងាកទៅរករុស្ស៊ីវិញ ដែលបណ្តាលឱ្យក្រុមហ៊ុនចិនមួយបានដកខ្លួនចេញពីការអភិវឌ្ឍកំពង់ផែទឹកជ្រៅ Anaklia នៅសមុទ្រខ្មៅ។ ឯ ស្ថិរភាពរវាងអាមេនី និងអាស៊ែបៃហ្សង់ នឹងបើកជម្រើសផ្លូវឆ្លងកាត់ថ្មីតាមទឹកដីអាមេនី ដែលជួយឱ្យច្រករបៀងកាន់តែមានសុវត្ថិភាព។ ប្រសិនបើសន្តិភាពនេះកើតឡើង វានឹងត្រូវបង្កើតឡើងក្រោមកិច្ចសម្របសម្រួល និងលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) មិនមែនទីក្រុងប៉េកាំងឡើយ។ ទោះជាចិនមិនសូវពេញចិត្តនឹងឥទ្ធិពលអាមេរិក ប៉ុន្តែចិននឹងបន្តវិនិយោគស្ងាត់ៗលើហេដ្ឋារចនាសម្ព័ន្ធអាស៊ីកណ្តាល ដើម្បីរក្សាអានុភាពរបស់ខ្លួន ដោយទុកឱ្យទីក្រុងវ៉ាស៊ីនតោនជាអ្នករ៉ាប់រងការចំណាយលើផ្នែកការទូតនៃកិច្ចព្រមព្រៀងសន្តិភាពនេះ។

សម្រាប់ប្រទេសជប៉ុន ផលប្រយោជន៍នៅក្នុងតំបន់នេះមិនមែនជាការប្រកួតប្រជែងឥទ្ធិពលដូចចិនឡើយ ប៉ុន្តែគឺដើម្បី ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ ទីក្រុងតូក្យូបានពង្រឹងទំនាក់ទំនងជាមួយអាស៊ីកណ្តាលតាមរយៈវេទិកា អាស៊ីកណ្តាលបូកជប៉ុន ដើម្បីការពារខ្លួនពីការពឹងផ្អែកខ្លាំងលើផ្លូវពាណិជ្ជកម្មដែលគ្រប់គ្រងដោយចិន និងដើម្បីធានាប្រភពរ៉ែ និងថាមពលសំខាន់ៗ។

តំបន់ Caucasus ខាងត្បូងដែលមានស្ថិរភាព និងរួចផុតពីហានិភ័យនៃជម្លោះអាមេនី-អាស៊ែបៃហ្សង់ គឺជាស្ពានឆ្លងកាត់ដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនជប៉ុនក្នុងការបញ្ចៀសហានិភ័យ ទាំងពីចំណុចចង្អៀតរបស់រុស្ស៊ី និងចិន។ លើសពីនេះ ភាពឯកោរបស់អ៊ីរ៉ង់ក៏កំពុងជំរុញឱ្យអ្នករៀបចំផែនការថាមពលអាស៊ី (រួមទាំងចិនផងដែរ បើទោះជាមានកិច្ចព្រមព្រៀងយុទ្ធសាស្ត្រ ២៥ឆ្នាំជាមួយតេអេរ៉ង់ក៏ដោយ) ត្រូវបង្ខំចិត្តស្វែងរក និងធ្វើពិពិធកម្មផ្លូវគោកបន្ថែមទៀតតាមរយៈតំបន់ Caucasus និងអាស៊ីកណ្តាល ជំនួសឱ្យការរំពឹងលើផ្លូវសមុទ្រកាត់ច្រកសមុទ្រ Hormuz។ ទោះជាយ៉ាងណា ផ្លូវសន្តិភាពនិងពាណិជ្ជកម្មនេះមិនទាន់ត្រូវបានធានា ១០០% ឡើយ។ ទោះបីជាគណបក្ស Civil Contract របស់លោក Pashinyan ឈ្នះឆ្នោត ៤៩.៨ ភាគរយ ទទួលបាន ៦៤ អាសនៈ ក្នុងចំណោម ១០៥ អាសនៈនៅក្នុងសភាក៏ដោយ ប៉ុន្តែចំនួននេះនៅខ្វះសំឡេងភាគច្រើន ២ ភាគ ៣ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

នេះជាបញ្ហាធំ ព្រោះអាស៊ែបៃហ្សង់បានដាក់លក្ខខណ្ឌថា កិច្ចព្រមព្រៀងសន្តិភាពអាចចុះហត្ថលេខាទៅបាន លុះត្រាតែអាមេនីកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយលុបចោលរាល់ខ្លឹមសារ (ជាពិសេសនៅក្នុងបុព្វកថានៃសេចក្តីប្រកាសឯករាជ្យឆ្នាំ១៩៩០) ដែលយោងទៅលើការបង្រួបបង្រួមទឹកដី Nagorno-Karabakh មកជារបស់ខ្លួនវិញ បន្ទាប់ពីអាស៊ែបៃហ្សង់បានវាយគ្រប់គ្រងតំបន់នេះឡើងវិញកាលពីឆ្នាំ២០២៣។

បើគ្មានការកែទម្រង់រដ្ឋធម្មនុញ្ញទេ កិច្ចព្រមព្រៀងសន្តិភាពណាមួយអាចនឹងត្រូវរុះរើឡើងវិញដោយរដ្ឋាភិបាលអាមេនីអាណត្តិក្រោយ ដែលធ្វើឱ្យអ្នកវិនិយោគអាស៊ីមិនហ៊ានបោះទុនធំឡើយ។ ការកែប្រែច្បាប់មូលដ្ឋានដើម្បីសន្តិភាពបែបនេះ មិនមែនជារឿងថ្មីទេ ដូចជាករណី ប្រទេសអៀរឡង់ បានកែរដ្ឋធម្មនុញ្ញក្រោមកិច្ចព្រមព្រៀង Good Friday ដើម្បីសន្តិភាពជាមួយចក្រភពអង់គ្លេស និង ម៉ាសេដូនីខាងជើង បានកែរដ្ឋធម្មនុញ្ញតាមការទាមទាររបស់ក្រិក ក្រោមកិច្ចព្រមព្រៀង Prespa ដើម្បីបើកផ្លូវចូលក្នុងអឺរ៉ុប។ ផ្លូវតែមួយគត់របស់លោក Pashinyan គឺត្រូវស្វែងរកសម្ព័ន្ធភាពយុទ្ធសាស្ត្រតូចចង្អៀតជាមួយបក្សដទៃ ដើម្បីប្រមូលសំឡេងឆ្នោតបន្ថែមពីរបីទៀតសម្រាប់កែរដ្ឋធម្មនុញ្ញ ដែលវានឹងកំណត់ថាតើការងាកទៅរកលោកខាងលិច និងការបើកច្រករបៀង Caucasus ខាងត្បូងអាចសម្រេចបានជាស្ថាពរដែរឬទេ។

សម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុននានានៅទូទាំងតំបន់អាស៊ី ដែលកំពុងរៀបចំផែនការដឹកជញ្ជូនពាណិជ្ជកម្ម ថាមពល និងរ៉ែ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ការប្រយុទ្ធខាងផ្លូវច្បាប់ និងរដ្ឋធម្មនុញ្ញនៅអាមេនី មិនមែនជារឿងជម្លោះផ្ទៃក្នុងធម្មតារបស់អតីតរដ្ឋសូវៀតនោះឡើយ។ វាគឺជាការសាកល្បងផ្ទាល់ថាតើច្រករបៀងយុទ្ធសាស្ត្រដ៏សំខាន់តែមួយគត់ដែលនៅសេសសល់រវាងអាស៊ី និងអឺរ៉ុប អាចមានស្ថិរភាពយូរអង្វែងដែរឬទេ ហើយតើនរណានឹងក្លាយជាអ្នកកំណត់ច្បាប់ពាណិជ្ជកម្មថ្មីនេះ។    ខណៈពេលដែលរុស្ស៊ីព្យាយាមទប់ស្កាត់ ហើយអ៊ីរ៉ង់កំពុងមើលដោយក្តីបារម្ភ ទាំងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ត្រូវតែតាមដានរឿងនេះឱ្យបានល្អិតល្អន់ និងជំរុញឱ្យដំណើរការសន្តិភាពនៅ Caucasus ខាងត្បូងអាចលេចចេញជារូបរាងឡើង។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Eurasianet