ការរៀនតាមអនឡាញបាន ក្លាយជាចំណែកមិនអាចខ្វះបាននៃការអប់រំទំនើប ប៉ុន្តែសំណួរដែលសិស្ស និស្សិត និងអាណាព្យាបាលតែងសួរនោះគឺ៖”តើវាពិតជាមានប្រសិទ្ធភាពដូចការរៀនក្នុងថ្នាក់ផ្ទាល់ដែរឬទេ?” ការរៀនតាមអនឡាញផ្តល់នូវសេរីភាពដែលការរៀនក្នុងថ្នាក់មិនអាចធ្វើបាន អ្នកអាចរៀនបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលកាត់បន្ថយការចំណាយលើការធ្វើដំណើរ។ សិស្សអាចរៀនតាមល្បឿនផ្ទាល់ខ្លួនបើមិនយល់កន្លែងណាអាចមើលវីដេអូសារឡើងវិញបានខុសពីការរៀនក្នុងថ្នាក់ដែលគ្រូត្រូវទៅមុខតាមកម្មវិធី។

យោងតាមការស្រាវជ្រាវពី Research Institute of America បានរកឃើញថា ការរៀនតាមអនឡាញបង្កើនអត្រានៃការរក្សាទុកចំណេះដឹងពី ២៥% ទៅ ៦០% ខណៈដែលការរៀនផ្ទាល់មានត្រឹមតែ ៨% ទៅ ១០% ប៉ុណ្ណោះ។ មូលហេតុគឺដោយសារសិស្សមានការគ្រប់គ្រងលើដំណើរការរៀនសូត្ររបស់ពួកគេបានច្រើនជាងមុននិងអាចផ្ដោតលើចំណុចដែលពួកគេខ្សោយ។

ទោះបីជាមានចំណុចល្អច្រើន ប៉ុន្តែការរៀនតាមអនឡាញក៏មានចំណុចខ្សោយខ្លះដែរ ដូចជាការមិនបានជួបមុខគ្នាផ្ទាល់អាចធ្វើឱ្យសិស្សមានអារម្មណ៍ឯកោ និងខ្វះការផ្លាស់ប្តូរយោបល់បែបធម្មជាតិ។ បើគ្មានវិន័យផ្ទាល់ខ្លួនទេសិស្សងាយនឹងខ្ជិលច្រអូស ឬត្រូវរំខានដោយបណ្ដាញសង្គមនិងបរិយាកាសជុំវិញ។ ចំពោះអ៊ីនធឺណិតខ្សោយ ឬឧបករណ៍មិនទំនើបគឺជាឧបសគ្គចម្បងក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

អ្នកជំនាញអប់រំភាគច្រើនយល់ឃើញថា វិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតគឺ Blended Learning ដែលជាការរួមបញ្ចូលគ្នារវាងការរៀនតាមអនឡាញ (សម្រាប់ទ្រឹស្ដី) និងការជួបផ្ទាល់ (សម្រាប់អនុវត្ត និងពិភាក្សា)។ និយាយជារួមមក ប្រសិទ្ធភាពនៃការរៀនតាមអនឡាញ មិនមែនស្ថិតនៅលើបច្ចេកវិទ្យាតែមួយមុខនោះទេ ប៉ុន្តែវាអាស្រ័យលើការរៀបចំមាតិកាពីអ្នកបង្រៀននិង ការប្តេជ្ញាចិត្តរបស់អ្នករៀន។ បើប្រើប្រាស់បានត្រឹមត្រូវ វាមានប្រសិទ្ធភាពជាងការរៀនក្នុងថ្នាក់បែបបុរាណឆ្ងាយណាស់។

 

 

 

អត្ថបទដោយ៖ សុធា