ល្ខោនខ្មែរ គឺជាសិល្បៈបុរាណរបស់ខ្មែរ ដែលបង្ហាញពីប្រាជ្ញា និងស្នាដៃវប្បធម៌ដ៏អស្ចារ្យរបស់បុព្វបុរស។ ការសម្ដែងល្ខោន មានការរួមបញ្ចូលគ្នាទាំង របាំ តន្ត្រី ចម្រៀង និងពាក្យសម្ដី ដែលបង្កើតអារម្មណ៍កំសាន្ត និងអប់រំដល់ទស្សនិកជន។ 

យោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជជួន ណាតបានបញ្ជាក់ថា ល្ខោន(នាមសព្ទ)ជាមហោស្រពមួយប្រភេទ លេងរាំរឿងផ្សេងៗ។ ល្ខោនមានច្រើនប្រភេទណាស់ បើយោងតាមការស្រាវជ្រាវបានឱ្យដឹងថា ល្ខោនមានជាង២០ប្រភេទដូចជា៖ល្ខោនអាប៉េ ល្ខោនចាប៉ី រឿងនិទាន ល្ខោនបើកបទ ល្ខោនភ្លេងការ ល្ខោនតុក្កតា ល្ខោនចំរុះ ល្ខោនកំណាព្យ ល្ខោនគែន ល្ខោនពោលស្រី ល្ខោនមហោរី ល្ខោនប្រាមោទ្យ ល្ខោនខោល ល្ខោននិយាយ ល្ខោនយីកេ ល្ខោនសមោល..។ ប្រភេទល្ខោនដែលនៅមានគេសំដែងរាល់ថ្ងៃមានដូចជា៖

១. ល្ខោនបាសាក់ ពោល​គឺ​ល្ខោន​បាសាក់​មាន​ដើម​កំណើត​នៅ​ស្រុកបាសាក់ ខេត្តឃកលាំងទល់​មុខ​ខេត្តព្រះត្រពាំងកម្ពុជាក្រោម។ បាសាក់​ ជា​ឈ្មោះ​ទន្លេ​មួយ​ដែល​ជា ខ្នែង​មួយ​នៃ​ទន្លេ​មេគង្គ​ទាំង​បួន​​ដែល​ប្រសព្វ​គ្នា​នៅ​ភ្នំពេញ “ចតុម្មុខ” ។

២.ល្ខោនយីកេ ត្រូវ​បាន​គេ​ជឿ​ថា​មាន​ប្រភព​ចេញ​ពី ប្រទេសចម៉ា ហើយ​ត្រូវ​បាន​គេ​នាំ​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​សម័យ នគរភ្នំ ​អំឡុង​[ គ.ស ​៨០២​ ] ដោយ​ផ្អែក​ទៅ​លើទំនាក់​ទំនង​ពី​បុព្វកាល​។ របាំ យីកេ ត្រូវបានសម្តែងនៅស្ទើរតែគ្រប់ខេត្តនៃប្រទេសកម្ពុជា និងដោយសហគមន៍ខ្មែរក្រោម នៅភាគខាងត្បូងប្រទេសវៀតណាម។ ល្ខោននេះសំដែងរឿងបុរាណក៏បាន រឿងទំនើបក៏បាន។ គេសំដែងនៅពេលមានបុណ្យទានតាមភូមិ ឬតាមវត្តអារាម។

៣.ល្ខោនស្រមោល មានពីរប្រភេទគឺល្ខោនស្រមោលស្បែកធំ និង ល្ខោនស្រមោលស្បែកតូច។ ល្ខោននេះមានតាំងពីមុនសម័យអង្គមកម្លេះ។ រូបចម្លាក់ស្បែកធំគ្មានចលនាទេ ឯរូបចម្លាក់ស្បែកតូច សំរាប់សំដែងរឿង ដែលកើតមកនៅក្នុងសង្គមដូចជាការជិះជាន់កេងប្រវញ្ចរបស់ថៅកែ និងពួកអាណិគមមកលើប្រជាជន ។ ល្ខោនស្បែកតូចសំដែងក្នុងពិធីបុណ្យទូទៅនៅតាមស្រុកភូមិ និងវត្ថអារាម ឯល្ខោនស្បែកធំសំដែងក្នុងពិធីផ្សេងៗដូចជា ពីធីសុំទឹកភ្លៀង ចំរើនព្រជន្មចៅអធិការ ឬមាតាបិតា បិតា ឬចៅអធិការជាដើម ឯស្បែកតូចអាចសំដែងបានក្នុងកម្មវិធីបុណ្យទានទូទៅ នៅតាមភូមិ ឬតាមវត្តអារាម។ 

៤.ល្ខោនអេប៉េ មានទម្រង់ និងលក្ខណ៖ជាល្ខោនច្រៀងរាំ និងនិយាយ បែបបុរាណដែលបែកខ្នែងចេញមកពីរបាំក្បាច់បុរាណខ្មែរ។ វាជាប្រភេទល្ចោនឡកក្រមិចក្រមើមបែបត្លុកកំប្លែង។ នាពេលបច្ចុប្បន្ននេះ យើងពុំសូវបានឃើញគេសម្តែងល្ខោននេះទេ តែមានឯកសារតិចតួចណាស់ដែលបរិយាយអំពីល្ខោនអាប៉េកាលវេលានៃការសម្ដែងគឺ គេច្រើនសម្តែងនៅពេលសម្រាកពីការងារស្រែចំការ ដើម្បីជាការកែកម្សាន្តរបស់អ្នកស្រុកក្នុងសហគមន៍ ។​ប្រវត្តិនៅសម័យអង្គរមិនបានឃើញច្បាស់ថាបានកើតមានកាលណា ប៉ុន្តែគេជឿថា ល្ខោនអេប៉េ បានកើតឡើងយូរមកហើយ ជាមួយនឹងការលេងល្ខោនផ្សេងៗ។ នៅសម័យព្រះបាទអង្គឌួង និងព្រះបាទនរោត្តម ត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍ និងមានការសម្ដែងក្នុងព្រះរាជដង។

៥.ល្ខោននិយាយ ការសម្តែងដោយការនិយាយ ពាក្យពេចន៍ ការប្រើពាក្យសម្តី និងវោហាសាសន៍ជាធំ ខ្មែរយើងហៅទម្រង់សម្តែងនេះថា “ល្ខោននិយាយ”លោក ពេជ្រ ទុំក្រវ៉ិល បានអះអាងថា ប្រមាណឆ្នាំ១៩៥៦ ក្រសួងសិក្សាធិការជាតិក៏បានប្រមូលគរុសិស្សនៅវិទ្យាស្ថានជាតិគរុកោសល្យមួយចំនួនឱ្យហាត់ល្ខោននិយាយនេះជាផ្លូវការ។ ល្ខោននិយាយ មានការគាំទ្រពីទស្សនិកជននិងមហាជនជាច្រើននិងមានកម្មវិធីសម្តែងលើឆាកនិងតាមវិទ្យុជាតិនិងទូរទស្សន៍ជាតិ ប្រកបដោយភាពរីកចម្រើនខ្លាំងក្លាគួរឲ្យកត់សម្គាល់។

៦.ល្ខោនមហោរី ជាទម្រង់ល្ខោនច្រៀងរាំ នៃប្រទេសកម្ពុជាសម្រាប់កំដរដោយវង់តន្ត្រីមហោរី មានឧបកណ៍ជាច្រើនដូចជា រនាតឯក រនាតធុង ទ្រឆេ ទ្រសោតូច ទ្រសោធំ ទ្រអ៊ូ ខ្លុយ ខឹម ក្រពើ ថូន រមនា ឈឹង នឹងអ្នកច្រើង មានដើមកំណើតនៅព្រះបរមរាជវាំងផ្ទាល់។ ល្ខោននេះអាចសំដែងរឿងបានច្រើន គេអាចយកទៅប្រើកំដរពិធីជប់លៀង ជួបជុំកម្សាន្ត របាំប្រពៃណីខ្មែរជាដើម។ 

៧.ល្ខោនខោល គឺជាល្ខោនពាក់របាំងមុខរបស់កម្ពុជា ដែលមានវ័យចំណាស់ និងមានដើមកំណើតនៃការសម្តែងក្នុងអំឡុងស.វទី១០ ក្នុងរាជ្យព្រះបាទ ជ័យវរ័្មនទី៥ (គ.ស ៩៦៨-១០០១) ។  ល្ខោនខោល ជាទម្រង់សិល្បៈល្ខោនរាំមួយបែប ដែលមានលក្ខណៈខុសប្លែកពីទម្រង់ល្ខោនដទៃ ដោយសារតែល្ខោននេះតម្រូវឱ្យតួអង្គទាំងអស់សុទ្ធតែជាបុរសសម្ដែងពាក់មុខខ្មុក និងសម្ដែងតែរឿងរាមកេរ្តិ៍តែមួយគត់ ។ 

៨.ល្ខោន​បាមោជ្ជ​ទ័យ ជា​ទម្រង់​ល្ខោន​ច្រៀង​បែប​ទំនើប​មួយ​ប្រភេទ ដែល​កើតឡើង​ក្នុង​សង្គម​ខ្មែរ ក្នុងអំឡុងពេល​ក្រោយ​សង្គ្រាមលោកលើកទី​១ ។ ទម្រង់​ល្ខោន​នេះ គឺ​យក​លំនាំ​ទាំងស្រុង​ពី​ល្ខោន​ច្រៀង​អូ​ប៉េ​រ៉េត ពិសេស​ពី​ប្រទេស​បារាំង ដែល​ធ្វើ​អាណានិគម​មកលើ​ប្រទេស​ខ្មែរ​ផ្ទាល់​តែម្តង ។ ល្ខោន​បាមោជ្ជ​ទ័យ ឬ​ប្រាមោទ្យ​ទ័យ គឺជា​ទម្រង់​ល្ខោន​ច្រៀង​បែប​ទំនើប​មួយ ដែល​បាន​កើតឡើង​នៅ​ដើម​សតវត្ស​ទី​២០ ពិសេស​ក្នុង​រយៈពេល ក្រោយ​សង្គ្រាមលោកលើកទី​១ ចន្លោះ​ឆ្នាំ ១៩១៤-១៩១៨ ។

ក្នុងសតវត្សទី២០ មានតូរ្យតន្ត្រីសម័យ នៃល្ខោនប្រជាប្រិយ ដូចជាល្ខោននិយាយមានការលូតលាស់ ទាំងល្ខោននិងមុខវិជ្ជាតន្ត្រី។ បន្ទាប់ពីធ្លាក់ក្នុងរបបខ្មែរក្រហម សិល្បករ និងវិចិត្រករដែលនៅរស់រាន មានជីវិតពីរបបនោះ បានរួមកម្លាំងគ្នា បង្កើតសកលវិទ្យាល័យវិចិត្រសិល្បៈ ដោយគោលការណ៍ជាបឋមគឺ ដើម្បីការពារថែរក្សា និងទប់ស្កាត់ មិនឲ្យហិនហោចនូវសម្បត្តិវប្បធម៌ដែលជាកេរតំណែលពីដូនតា៕


អត្ថបទដោយ៖ កណ្ណិការ