នៅក្នុងវប្បធម៌ខ្មែរ សម្បូរទៅដោយទំនៀមទំលាប់បុរាណ មិនថានៅក្នុងឱកាស បុណ្យចូលឆ្នាំ , បុណ្យភ្ជុំបិណ្ឌ, ឬបុណ្យទក្ខិណានុប្បទាន ក្តី ពាក្យ (បង្សុកូល) គឺជាពាក្យសំខាន់មួយ ដែលប្រើប្រាស់យូរមកហើយ ដើម្បីសម្គាល់ពិធីធំៗដែលគ្រួសារ និងសាច់ញាតិធ្វើឡើង ដើម្បីឧទ្ទិសកុសល ដល់បុព្វបុរស និងអ្នកដែលបានចែកឋានទៅហើយ។ ពិធីនេះមិនត្រឹមតែសំខាន់ក្នុងសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទំនាក់ទំនងគ្រួសារ ការគោរព និងសេចក្តីស្រឡាញ់ចំពោះអ្នកដែលបានចែកឋានទៅហើយ។

ពាក្យ (​បង្សុកូល​)ដែល ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ ច្រើនតែ​យល់ថា (បង្សុកូល​) ជាការ​និមន្ត​ភិក្ខុ​សាមណេរ ឲ្យ​មក​សូត្រធម៌​ដល់​មនុស្ស​ដែល​បាន​ស្លាប់ទៅ​។ តែ​ការពិត​ពាក្យ​នេះ​ក៏មាន​ន័យ​ម្យ៉ាង​ទៀតថា ក្រណាត់ស​ដែល​គេ​បោះចោល​ក្នុង​គំនរ​សំរាម ឬ​សំពត់​ដែល​ប្រឡាក់​ដោយ​ធូលី​ផ្សេងៗ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។

ជាក់ស្តែង បើយោងតាងតាម​ថេរ​ដីកា​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​បង្សុកូល​» គឺសំដៅលើ​ក្រណាត់​សម្រាប់​រុំ​សព ដែល​ប្រឡាក់​ដោយ​ខ្ទុះ ឈាម ធូលី ជាដើម ដោយឡែក ក្រណាត់​នោះ​មិនបាន​បោះចោល​ឡើយ អ្នកខ្លះ​រើសយក​មកប្រើប្រាស់​វិញ ដោយ​គ្រាន់តែ​ជម្រះ​ឲ្យ​ស្អាត ហើយ​យកមកប្រើ​ដូចដើម​វិញ​។ សូម្បី​សំពត់​ដែល​គេ​គ្រប​លើ​ក្តារ​មឈូស គេ​និមន្ត​ឲ្យ​បព្វជិត​ទាញយក​ពីមុខ​គេ ក៏​ហៅថា​សំពត់​បង្សុកូល​ផងដែរ​។

លុះ​មកដល់​បច្ចុប្បន្ន ចំពោះ​មនុស្ស​ទូទៅ ច្រើនតែ​ប្រើ ពាក្យ(បង្សុកូល​) ជា​ពាក្យ​ក្នុង​ព្រះពុទ្ធសាសនា សំដៅលើ​ការ​និមន្ត​លោក​បង្សុកូល ធម៌​បង្សុកូល ដើម្បី​សូត្រធម៌ ឧទ្ទិស​កុសល ដល់​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​។ នេះ​បើតាម​ការបកស្រាយ​រប​ស់ស​ម្តេច​សង្ឃ​ដដែល​៕

អត្តបទ៖ តុប ឡៃហៀង