ទិវាអូហ្សូនពិភពលោក ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៦ ខែកញ្ញា ដើម្បីរំលឹកដល់ការចុះហត្ថលេខាលើ ពិធីសារម៉ុងរ៉េអាល់ ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់មួយស្តីពីការកាត់បន្ថយការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន។ ស្រទាប់អូហ្សូនមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាដើរតួជាខែលការពារភពផែនដីពីកាំរស្មីអ៊ុលត្រាវីយូឡេ (UV) ដែលមានគ្រោះថ្នាក់ពីប្រភពព្រះអាទិត្យមកដល់ផែនដី ដែលធ្វើឲប៉ះពាល់មនុស្ស សត្វនិង រុក្ខជាតិ។
ខាងក្រោមនេះជាប្រវត្តិសង្ខេបខ្លះៗនៃទិវាអូហ្សូនបរិស្ថានអន្តរជាតិ៖

នៅឆ្នាំ ១៩៨៥ អ្នកវិទ្យាសាស្ត្របានរកឃើញថាមានការបែកធ្លាយស្រទាប់អូហ្សូននៅលើតំបន់អង់តាកទិក ដែលបង្កឡើងដោយសារធាតុគីមីដូចជា ក្លរ៉ូភ្លុយអរ៉ូកាបូន (CFCs) និង ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFCs) ដែលប្រើប្រាស់នៅក្នុងឧបករណ៍ត្រជាក់ ម៉ាស៊ីនត្រជាក់ និងកំប៉ុងស្ព្រៃយ៍។ ការរកឃើញនេះបាននាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ប្រទេសនានាបានរួមគ្នាបង្កើត និងចុះហត្ថលេខាលើ អនុសញ្ញាវីយែន នៅឆ្នាំ ១៩៨៥ ដែលជាជំហានដំបូងសម្រាប់កិច្ចសហប្រតិបត្តិការលើបញ្ហានេះ។ បន្ទាប់មកនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ១៩៨៧ ប្រទេសនានាបានបន្តចុះហត្ថលេខាលើ ពិធីសារម៉ុងរ៉េអាល់ ដើម្បីកំណត់និងកាត់បន្ថយការផលិត និងការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន។
ចំណែកនៅកម្ពុជា ក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មក្នុងការប្រារព្ធទិវានេះ ដោយលើកកម្ពស់ការយល់ដឹងដល់សាធារណជន ជាពិសេសយុវជនអំពីការការពារស្រទាប់អូហ្សូន និងបរិស្ថាន។ លើសពីនេះ កម្ពុជាបានចូលរួមអនុវត្តការបញ្ឈប់ការប្រើប្រាស់សារធាតុ CFCs ទាំងស្រុងតាំងពីឆ្នាំ ២០១០ ហើយកំពុងបន្តអនុវត្តផែនការដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុ HCFCs ស្របតាមកាតព្វកិច្ចដែលបានចែងក្នុងពិធីសារម៉ុងរ៉េអាល់។
អត្ថបទ៖ [តុប ឡៃហៀង]